OI ថា WB បំផ្លាញជីវភាពប្រជាជន
ភ្នំពេញៈ ខណៈធនាគារពិភពលោក (WB) ពិចារណាផ្តល់កម្ចីថ្មីឲ្យកម្ពុជា របាយការណ៍ចេញដោយវិទ្យាស្ថាន Oakland Institute ដែលជាវិទ្យាស្ថានរបស់ក្រុមអ្នកវិភាគគោលនយោបាយ បានចង្អុលបង្ហាញថា គោលនយោបាយរបស់ធនាគារនេះ បានបំផ្លាញជីវភាពរបស់ប្រជាជនកម្ពុជា ជាជាងការកាត់បន្ថយភាពក្រីក្រ។
លោក Anuradha Mittal នាយកផ្នែកគោលនយោបាយនៅវិទ្យាស្ថាន Oakland Institute បានថ្លែងថា៖ «ធនាគារពិភពលោក ធ្វើតាមគំនិតសាមញ្ញមួយដែលថា ការវិនិយោគឯកជននឹងនាំឲ្យមានកំណើនសេដ្ឋកិច្ចនិងនាំឲ្យមានការអភិវឌ្ឍ ខណៈមិនអើពើពីអ្វីដែលកំពុងកើតឡើងនៅមូលដ្ឋានជាក់ស្តែងទៅលើប្រជាជនកម្ពុជារាប់រយពាន់នាក់និងរាប់លាននាក់នៅលើពិភពលោក ដែលជាអ្នកចាញ់ទាំងស្រុងនៅក្នុងល្បែងនេះ»។
តាមរយៈការដាក់ចំណាត់ថ្នាក់ពិភពលោកដូចជា «របាយការណ៍ការធ្វើធុរកិច្ច» ប្រចាំឆ្នាំរបស់ខ្លួន ធនាគារនេះបានផ្តល់នូវពិន្ទុខ្ពស់ជាងមុនឲ្យប្រទេសមួយចំនួនដែលមានស្តង់ដារសង្គម និងបរិស្ថានទាបបំផុតពាក់ព័ន្ធនឹងធុរកិច្ច។ របាយការណ៍នេះ បន្តថា៖ «អំណាចហិរញ្ញវត្ថុនិងអានុភាពនយោបាយរបស់ធនាគារនេះ បានធ្វើឲ្យវាលំបាកសម្រាប់ប្រទេសក្រីក្រគ្មានហិរញ្ញវត្ថុក្នុងការប្រឆាំងនឹងស្ថាប័ននេះ»។
កាលពីបីឆ្នាំកន្លងទៅមន្រ្តីអធិការកិច្ចផ្ទាល់របស់ធនាគារពិភពលោក បានរកឃើញថា ធនាគារនេះបានសមគំនិតនៅក្នុងករណីមួយ ក្នុងចំណោមករណីបណ្តេញចេញពីដីធ្លីក្នុង ប្រទេសកម្ពុជា គឺប្រជាជនជាង ២ ម៉ឺននាក់ ត្រូវបានបណ្តេញចេញពីផ្ទះរបស់ខ្លួននៅតំបន់បឹងកក់ នៅពេលដែលកម្មវិធីមួយដែលគាំទ្រដោយធនាគារនេះបានបដិសេធមិនផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីទៅដល់គ្រួសារទាំងនោះ ហើយផ្ទុយទៅវិញផ្តល់ឲ្យក្រុមហ៊ុនអភិវឌ្ឍន៍នូវការជួលដី ៩៩ ឆ្នាំ។ ក្នុង ប្រទេសកម្ពុជា រលកនៃកំណែទម្រង់បដិប្បញ្ញត្តិដែលចាប់ផ្តើមក្នុង ឆ្នាំ២០០៣ បង្កើតឲ្យមានការវិនិយោគបរទេសកើនឡើង ប៉ុន្តែជាមួយនឹងដីកម្ពុជាជាង ២,២ លានហិកតាត្រូវបានបែងចែកឲ្យក្រុមហ៊ុនធំៗ កំណើនការវិនិយោគបរទេសបានធ្វើឲ្យមានជម្លោះដីធ្លីកាន់តែច្រើន។ ចន្លោះ ឆ្នាំ២០០០ និង ២០១៤ ប្រជាជនកម្ពុជាជាងកន្លះលាននាក់បានទទួលរងការបណ្តេញចេញពីដីធ្លី។
របាយការណ៍ការប្រចាំឆ្នាំនេះបន្តថា៖ «តាមរយៈការជំរុញ និងលើកទឹកចិត្តប្រទេសទាំងនោះយ៉ាងសកម្មឲ្យទាក់ទាញវិនិយោគិនធនាគារនេះបានជាប់ពាក់ព័ន្ធនៅក្នុងការរំលោភយកដីធ្លី និងបង្កើនសម្ពាធខ្លាំងឡើង ទៅលើធនធានដែលសំខាន់សម្រាប់កសិករដែលធ្វើកសិកម្មលក្ខណៈគ្រួសារនិងសហគមន៍ជនបទក្នុងការទ្រទ្រង់ជីវភាព»។
ដោយព្យាយាមដាក់កំណត់ទៅលើការបណ្តេញចេញពីដីធ្លីនិងដើម្បីបង្កើនសន្តិសុខដី ធនាគារនេះបានជំរុញឲ្យមានកម្មវិធីផ្តល់កម្មសិទ្ធិដីធ្លីមួយចំនួនក្នុង ប្រទេសកម្ពុជា រួមទាំងគម្រោងគ្រប់គ្រង និងរដ្ឋបាលដីធ្លី ដែលសម្រួលទៅដល់ការបណ្តេញសហគមន៍បឹងកក់ចេញពីដីធ្លីរបស់ពួកគេ។
លោក អេង វុទ្ធី អតីតអ្នកប្រឹក្សាយោបល់នៅ WB បានថ្លែងថា៖ «ធនាគារនិយាយថា គោលបំណងរបស់ខ្លួនគឺដើម្បីពង្រឹងកម្មវិធីដីធ្លីសម្រាប់ប្រជាជនក្រីក្រនិងងាយរងគ្រោះ ប៉ុន្តែផ្ទុយទៅវិញ យើងកំពុងឃើញថា អ្វីដែលផ្ទុយពីនេះបានកើតមានទៅលើប្រជាជន និងធ្វើឲ្យពួកគេកាន់តែលំបាក បន្ទាប់ពីពួកគេមិនត្រូវបានដាក់បញ្ចូលទៅក្នុងការផ្តល់កម្មសិទ្ធិដីធ្លី»។
បន្ទាប់ពីការលើកឡើងថា ខ្លួននឹងមិនវិនិយោគឡើងវិញនៅក្នុង ប្រទេសកម្ពុជា លុះត្រាណាតែជម្លោះបឹងកក់ត្រូវបានដោះស្រាយធនាគារបានប្រកាសកាលពីចុង ខែសីហា ថា ខ្លួនកំពុងពិចារណាផ្តល់កម្ចីថ្មី ២៥ លានដុល្លារសម្រាប់កម្មវិធីផ្តល់កម្មសិទ្ធិដីធ្លីរបស់ខ្លួន។ សំណើនេះបានធ្វើឲ្យមានការខឹងសម្បាពីក្រុមសិទ្ធិមនុស្ស ហើយនៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារក្នុង ទីក្រុងវ៉ាស៊ីនតោន D.C.នាសប្តាហ៍នេះ ក្រុមសិទ្ធិមនុស្សបានដាក់ញត្តិប្រឆាំងនឹងការវិនិយោគបន្ថែមទៀតនៅ ប្រទេសកម្ពុជា។ ញត្តិនោះបានលើកឡើងថា ការបណ្តេញចេញទាំងបង្ខំ ការខ្វះនីតិវិធីត្រឹមត្រូវ និងសំណងបានក្លាយជាបញ្ហារឹតតែសំខាន់ឡើងក្នុង ប្រទេសកម្ពុជា។ «វាគ្មានន័យទេ សម្រាប់ធនាគារនេះដែលត្រូវផ្តល់កម្ចីឡើងវិញ នាពេលនេះ»។
ទាំង WB និងទាំងគណៈកម្មាធិការហិរញ្ញវត្ថុអន្តរជាតិ មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយទេ៕